ព័ត៌មានភូមិភាគភ្នំពេញ

ព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង ប្រារព្វកម្មវិធីអបអរឆ្នាំថ្មី

កម្មវិធីប្រណាំងសេះ នៅព្រះសហគមន៍ចំការទៀង

ខេត្តតាកែវ៖ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹមចំការទៀង បានរៀបចំកម្មវិធីប្រកួតបង្ហោះខ្លែង ដើម្បីអបអរសាទរបុណ្យព្រះយេស៊ូប្រសូត និងអបអរសាទរឆ្នាំថ្មី២០១៩ ក្នុងអំឡុងពេលទិឃរដូវបានចូលមកដល់។ កម្មវិធីនេះ បានធ្វើឡើងកាលពីថ្ងៃទី១ មករា ២០១៩នេះ នៅឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានលោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរ មន្ត្រីរាជការចូលរួម និងប្រជាជនក្នុងឃុំគូសមកចូលរួមយ៉ាងច្រើនកុះករ។

នៅក្នុងកម្មវិធីនេះ លោកអភិបាលអូលីវីយេ មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០១៩ នៅពេលយើងចាប់ផ្តើមដោយមានការប្រកួតខ្លែងឯក នាំឲ្យយើងទាំងអស់គ្នានឹកឃើញថា យើងជាគ្រួសារតែមួយ ព្រោះយើងមានប្រជាជនជាច្រើននៅតាមភូមិផ្សេងៗក្នុងខេត្តតាកែវ។ លោកអភិបាលបានឲ្យដឹងទៀតថា ក្នុងការប្រកួតខ្លែងថ្នាក់ជាតិ ខេត្តតាកែវ បានជាប់លំដាប់ថ្នាក់លេខ២។ នេះជាមោទនភាពមួយរបស់ខេត្តនេះ។ លោកមានប្រសាសន៍ទៀតថា សង្ឃឹមថាឆ្នាំក្រោយនឹងទទួលបានលេខមួយ ហើយសង្ឃឹមទៀតថា មានថ្ងៃណាមួយ រដ្ឋាភិបាលឯកភាពឲ្យយើងប្រកួតលក្ខណៈជាតិនៅក្នុងចំការទៀងយើង។

This slideshow requires JavaScript.

កម្មវិធីប្រកួតបង្ហោះខ្លែងឯកខ្មែរនេះ បានរៀបចំឡើងរយៈពេល៩ឆ្នាំមកហើយនៅក្នុងព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹមចំការទៀង ដែលបើកឱកាសដល់ប្រជាពលរដ្ឋទូទៅទាំងចាស់ក្មេង អាចធ្វើខ្លែងឯកផ្ទាល់ខ្លួនមកដាក់ប្រកួតបាន។ ក្នុងឆ្នាំនេះ មានខ្លែងចំនួន២០០ ដើម្បីដាក់ប្រកួត ហើយកម្មវិធីបានចាប់ផ្តើមពីម៉ោង៨ព្រឹករហូតដល់ម៉ោង៦ល្ងាច។ មិនត្រឹមតែមានការប្រកួតខ្លែងប៉ុណ្ណោះទេ កម្មវិធីនេះក៏មានការប្រកួតប្រណាំងសេះ និងរទេះគោផងដែរ។

អង្គុយនៅក្បែរទីលាន ប្រកួតបង្ហោះខ្លែង កញ្ញាកប ធាវី ជាអ្នកគាំទ្រម្នាក់ឲ្យដឹងថា នេះជាលើកទី១ហើយដែលនាងបានមកមើលការប្រកួតនេះ។ នាងមកគាំទ្របងប្រុសរបស់នាងដែលបានចូលរួមប្រកួតខ្លែង។ ធាវី “ខ្ញុំមានអារម្មណ៍មួយសប្បាយចិត្ត ពេលខ្ញុំមកលេងនៅនេះ។ ខ្ញុំមកមួយព្រឹកហើយតែអត់ទៅវិញ។ ខ្ញុំឃើញសប្បាយ។ មើលឃើញមានប្រណាំងសេះ មានបង្ហោះខ្លែង មានប្រណាំងគោ។ អីចឹងមានអារម្មណ៍មួយសប្បាយ ហើយមានអារម្មណ៍មួយថា នៅរំលឹកពីវប្បធម៌ខ្មែរពីមុនមក”។

អ្នកចូលរួមប្រកួតការបង្ហោះខ្លែងនៅឆ្នាំនេះ មានភាគច្រើនគឺជាយុវជន ដែលបានធ្វើខ្លែងដោយផ្ទាល់ខ្លួនរបស់ពួកគេ ហើយយកមកប្រកួត។ ការប្រកួតខ្លែងឯកនេះ គឺគិតលើរយៈកម្ពស់របស់ខ្លែងដោយវាស់ជាដឺក្ររបស់មុំកែង។ ប្រសិនបើខ្លែងណាមួយទទួលបានមុំខ្ពស់ជាងគេគឺជាអ្នកឈ្នះ។ នៅក្នុងឆ្នាំនេះ អ្នកទទួលជ័យលាភីលេខ១គឺជាយុវជនចេន ចន្ថា អាយុ១៦ឆ្នាំ មកពីភូមិក្រាំងតាចាន់ ដែលទទួលបានពិន្ទុ ៦៧ដឺក្រេ។ ចន្ថាបានឲ្យដឹងថា ខ្លែងរបស់គាត់បានទទួលជ័យលាភីលេខមួយនេះ ចំនួន៣ឆ្នាំត្រួតគ្នា។ ហើយគាត់ក៏មានខ្លែងទទួលជ័យលាភីលេខ៥មួយទៀតដែរក្នុងឆ្នាំនេះ។ យុវជនរូបនេះ បានសំណូមពរដល់យុវជនទាំងអស់ឲ្យជួយគ្នាអភិរក្សវប្បធម៌មួយនេះ។ ចេន ចន្ថា “ឲ្យកូនខ្មែរទាំងអស់ចូលរួមរក្សានូវកែដំណែលស្នាដៃរបស់ខ្មែរ ផលិតផលខ្មែរ”។

មុនពេលបញ្ចប់កម្មវិធីប្រកួតនេះ គណៈកម្មការរៀបចំបានផ្តល់រង្វាន់ដល់ម្ចាស់ខ្លែងឯកពីជ័យលាភីទី១ដល់ទី៥ ដែលក្នុងនោះលេខ១ទទួលបាន ២៦ម៉ឺនរៀល លេខ២ទទួលបាន២៤ម៉ឺនរៀល លេខ៣ទទួលបាន២២ម៉ឺនរៀល លេខ៤ទទួលបាន២០ម៉ឺនរៀល និងលេខ៥ទទួលបាន១៨ម៉ឺនរៀល។ ចំណែកការប្រណាំងសេះ លេខ១ទទួលបាន២០ម៉ឺនរៀល លេខ២ទទួលបាន១៦ម៉ឺនរៀល និងលេខ៣ទទួលបាន១២ម៉ឺនរៀល។ រីឯការប្រណាំងរទេះគោ លេខ១ទទួលបានចំនួន១០ម៉ឺនរៀល។ មានការលើកទឹកចិត្តដល់ម្ចាស់ខ្លែងមិនជាប់ជ័យលាភីម្នាក់ៗ ចំនួន៣ម៉ឺនរៀល។