ព័ត៌មានភូមិភាគកំពង់ចាម

ព្រះសហគមន៍ផ្តល់សេវាសុខភាពឥតគិតថ្លៃដល់ជនក្រក្រី

ព្រះសហគមន៍កាតូលិកតែងតែយកចិត្តទុកដាក់ជាមួយជនចាស់ជរា និងកុមារក្រក្រី ដោយមានកម្មវិធីពិនិត្យជំងឺជូនពួកគាត់ និងចែកថ្នាំដោយឥតគិតថ្លៃ កាលពីថ្ងៃទី២២កុម្ភៈកន្លងទៅព្រះវិហារសន្តហ្វ្រង់ស័្វរនិងសន្តីក្លារាអាស៊ីស៊ីដែលស្ថិតនៅក្នុងភូមិកោះរការក្រៅ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោកបូជាចារ្យផាន បូរី ជាបូជាចារ្យទទួលបន្ទុកនៅក្នុងព្រះសហគមន៍កាតូលិកកោះរការបានឲ្យដឹងថា ជារៀងរាល់២ខែម្តង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ព្រះសហគមន៍កាតូលិកពីភ្នំពេញ តែងតែមកពិនិត្យជំងឺទូទៅបែបនេះ ជូនដល់អ្នកក្រក្រីមួយចំនួនក្នុងភូមិកោះរការនេះ។

លោកបន្តថា អ្នកជំងឺទាំងនោះ គឺភាគច្រើនជាពុទ្ធបរិស័ទដែលជាអ្នកក្រីក្រគ្មានលទ្ធភាព ទៅពិនិត្យសុខភាពនិងទិញថ្នាំសង្កូវផ្សេងៗ។ ហេតុនេះកម្មវិធីពិនិត្យសុខភាពនេះគឺជួយសម្រួលការចំណាយខាងផ្នែកសុខភាពរបស់ពួកគាត់ចំនួនដែរ។ ក្នុងរយៈពេលមួយថ្ងៃនោះ មានមនុស្សចាស់និងកុមារចំនួន៤៥នាក់បានមកពិនិត្យជំងឺ។

លោកបូរីបន្ថែមថា ការមកពិនិត្យជំងឺនេះគឺពួកគាត់ទទួលបានទាំងថ្នាំ ការពិត្យសុខភាព និងការលើកទឹកចិត្តពីសំណាក់គ្រូរពេទ្យ។ តាមការសង្កេតរបស់លោកបូជាចារ្យរូបនេះ បានឲ្យដឹងទៀតថា «អ្នកមកទទួលសេវាពិនិត្យសុខភាពទាំងនោះ សប្បាយចិត្តខ្លាំង ទោះបីជាគាត់មិនស្គាល់ព្រះសហគមន៍ច្បាស់ក៏ដោយ។ តែគាត់ដឹងថាសកម្មភាពនេះគឺជាសេចក្តីស្រលាញ់ដោយឥតសំណងរបស់ព្រះសហគមន៍កាតូលិកតាមតែអាចធ្វើទៅបាន»

ឆ្លងតាមការពិនិត្យជំងឺនេះ បានឲ្យដឹងថា ភាគច្រើនអ្នកដែលមកពិនិត្យជំងឺគឺមានជំងឺទឹកនោមផ្អែម។
កម្មវិធីពិនិត្យជំងឺនេះ មានរយៈពេលបីថ្ងៃ ដែលក្នុងមួយថ្ងៃៗ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានចុះទៅកាន់ព្រះសហគមន៍ផ្សេងៗគ្នា រួមមាន ព្រះសហគមន៍ចម្លាក់ ព្រះសហគមន៍ព្រៃទទឹង និង ព្រះសហគមន៍កោះរការសរុបអ្នកជំងឺទាំងអស់គឺ១៥០នាក់។ដោយៈរឿន ស្រីម៉ាច