ព័ត៌មានភូមិភាគភ្នំពេញ

ព្រះសហគមន៍កំពតនិងសាសនាឯទៀត សួរសុខទុក្ខអ្នកជាប់ឃុំ៩២៣នាក់

ស្តាប់ជាសម្លេង

ដើម្បីចែករំលែកអំណរសប្បាយក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត្រ ព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាពកំពត បានរៀចំកម្មវិធីសំណេះសំណាល និងសួរសុខទុក្ខ ជនជាប់ចោទ និងទណ្ឌិតចំនួន ៩២៣នាក់ ក្នុងនោះមានស្រីចំនួន២៤ នាក់នៅក្រុងកំពត។

កម្មវិធីនេះបានធ្វើឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ដោយមានតំណាងសាសនាធំៗចំនួន ៣ ចូលរួម ក្នុងនោះមានពុទ្ធសាសនា គ្រីស្តសាសនា និងអ៊ីស្លាមសាសនា និងអនុប្រធានមន្ទីរធម្មការខេត្ តសរុបជាង ៤០នាក់។

ជាកិច្ចចាប់ផ្តើម លោក តាវូឡា ចនលូកា បូជាចារ្យទទួលខុសត្រូវព្រះសហគមន៍ក្នុងមណ្ឌលសកម្មភាពកំពត បានមានមតិសំណេះសំណាលជាមួយបងប្អូនទណ្ឌិត និងជនជាប់ចោទទាំងអស់ថា ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត្រ ក្រុមគ្រីស្តបរិស័ទយើងមានអំណរជាខ្លាំង ព្រោះព្រះសង្គ្រោះរបស់យើងបានប្រសូតជាមនុស្សដើម្បីរំដោះបាបឲ្យយើងរាល់គ្នា។ លោកបន្តថា ព្រះសហគមន៍កាតូលិក ក្រសួងធម្មកា រួមនឹងតំណាងសាសនាធំ៣ទៀត បានមកជួបបងប្អូន សួរសុខទុក្ខក្នុងថ្ងៃនេះ ក្នុងគោលដៅចែករំលែកសេចក្តីស្រលាញ់។

លោក អូលីវីយេ ជ្មីតអីស្លែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានបញ្ជាក់ថា ព្រះយេស៊ូសង្គ្រោះមិនមែនសំរាប់តែគ្រីស្តបរិស័ទនោះទេ គឺសម្រាប់មនុស្សទាំងអស់។ លោកអភិបាលបន្តថា ធម្មជាតិតែងត្រូវការពន្លឺដើម្បីមានផ្លែមានផ្កា ហើយជីវិតរបស់មនុស្សក៏ដូច្នេះដែរ។ គ្រប់ផ្លែផ្កាទាំងអស់ទទួលបានមកពីទង្វើរដែលយើងបានប្រព្រឹត្ត។ ក្នុងនោះដែរ លោកអភិបាលលើកទឹកចិត្តដល់អ្នករស់នៅក្នុងពន្ធនាគារទាំងអស់កុំអស់សង្ឃឹម ប៉ុន្តែត្រូវចេះកែប្រែចិត្តគំនិត ត្រូវចេះពិចារណាទោសកំហុស និងត្រូវចេះកែរខ្លួនឲ្យបានប្រសើរឡើងវិញសម្រាប់ ពេលអនាគត។

លោកអភិបាល អូលីវិយេ បានបន្ថែមថា “សូមឲ្យបងប្អូន (ទណ្ឌិត) ចំណាយពេលធ្វើសមាធិ ដើម្បីអោយចិត្តបានស្ងប់ និងរកឲ្យឃើញនូវតំលៃនៃជីវិត ក្រុមគ្រួសារ បងប្អូន ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់សប្បាយចិត្ត។ ព្រមជាមួយការកែរខៃជីវិតរបស់ខ្លួនឯងអោយមានតំលៃសំរាប់ខ្លួនឯង និងសង្គមជាតិទាំងមូល”។

លោក ខេន ដន អនុប្រធានមន្ទីរធម្មការខេត្តកំពត បានលើកឡើងថា មនុស្សយើងគ្រប់រូប មានសិទ្ធិទទួលយកការអប់រំតាមរយៈសាសនាផ្សេងៗ ដោយសេរី តែត្រូវគោរពទៅតាមច្បាប់ ឬមាត្រាដែលប្រទេសយើងបានចែង។ ហើយសាសនាទាំងអស់គឺជាយាន ជួយចម្លងមនុស្សឲ្យទទួលបានសេចក្តីសុខក្នុងពេលបច្ចុប្បន្ន និងពេលអនាគត មិនត្រឹមតែប៉ុណ្ណោះពន្លឺនៃសាសនាជួយអោយយើងគ្រប់គ្នាស្វែងរកឃើញនៅពន្លឺនៃជីវិត។ នាពេលនោះដែរ ឯកឧត្តមអាគារនុរក្សថ្នាក់លេខ៣ ង៉ែត សុខ ក៏បានសម្តែងការពេញចិត្ត និងស្វាគមន៍ចំពោះវត្តមានរបស់តំណាងសាសនាផ្សេងៗ ដែលបានរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយទណ្ឌិត ចាប់តាំងពីឆ្នាំ២០០៤ រហូតមក។ លោកថា វត្តមានរបស់សាសនាក្នុងពេលនេះសំខាន់ណាស់ ដើម្បីជួយអប់រំ លើកទឹកចិត្តដល់ទណ្ឌិតទាំងអស់ឲ្យមានសេចក្តីសង្ឃឹម និងកែប្រែជីវិតរបស់ខ្លួនឲ្យប្រសើរឡើងវិញក្រោយពេលមានសេរីភាព។

សូមបញ្ជាក់ដែរថា កម្មវិធីជួបសំណេះសំណាលជាមួយទណ្ឌិតក្នុងក្រុងកំពតនេះ បង្កើតឡើងដោយព្រះសហគមន៍កាតូលិកតាំងពីឆ្នាំ២០០៤ ដោយមានការចូលរួមពីក្រសួងធម្មកាក្រុង តំណាងខាងព្រះពុទ្ធសាសនា អ៊ីស្លាមសាសនា និងគ្រីស្តសាសនា។ ក្នុងនោះដែរ ក៏មានជាម្ហូបខ្លះៗដូចជា ការីនំប៉័ង សាប៊ូដុសខ្លួន ថ្នាំដុសធ្មេញ និងភួយជាដើមជូនដល់អ្នកជាប់ឃុំទាំងអស់៕