ព័ត៌មានភូមិភាគកំពង់ចាម

ព្រះសហគមន៍កាតូលិកកោះរការសាងសង់ផ្ទះមួយខ្នងជួនជនក្រីក្រ

ព្រះសហគមន៍កាតូលិកសន្តហ្រ្វង់ស័រ និង សន្តីក្លារាអាស៊ីស៊ី(កោះរការ)ដែលស្ថិតនៅក្នុងភូមិកោះរការក្រៅ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាមបានកំពុងសាងសង់ផ្ទះមួយខ្នងជូនដល់ស្រ្តីមេម៉ាយម្នាក់ស្ថិតនៅក្នុងភូមិកោះប្រាក់ឃុំ កោះសូទិន ស្រុកកំពង់សៀម ខេត្តកំពងចាមកាលពីថ្ងៃទី៣មីនាកន្លងទៅ។

លោកបូជាចារ្យផាន បូរីជាបូជាចារ្យទទួលបន្ទុកព្រះសហគមន៍នេះបានមានប្រសាសន៍ថា ផ្ទះឈើនេះ មានទំហំ៥x៤ម៉ែត ប្រកស័ង្គសី នឹងជូនដល់ស្រ្តីមេម៉ាយកូនពីរដែលមានជីវភាពទីទ័លក្រ មានមុខរបរស៊ីឈ្នួលដើរបេះម្ទេសឲ្យគេដោយក្នុងមួយថ្ងៃរកកម្រៃបានតែ១០០០០រៀលតែប៉ុណ្ណោះ។

លោកបូជាចារ្យរូបនេះបន្ថែមថា ដោយសារតែឃើញគាត់គ្មានផ្ទះជ្រកកោន លំបាកពេកណាមួយគាត់ជាស្រីទន់ខ្សោយហេតុនេះព្រះសហគមន៍បានប្រមូលថវិការខ្លះៗដែលមានតាមរយៈសប្បុរស់ជន ប្រាក់ដង្វាយ និង ការលក់នំខ្លះៗពេលមានពិធីបុណ្យរបស់របស់ក្រុមយុវជននាពេលកន្លងមក ដើម្បីយកមកទិញសម្ភារៈធ្វើផ្ទះមួយនេះឡើងគឺសរុបជាទឹកប្រាក់៦០០ដុល្លា ដោយមានការជួយពីសំណាក់អ្នកភូមិនិងគណៈកម្មការមួយចំនួនពីព្រះសហគមន៍ផងដែរ។

លោកបូរីក៏បញ្ជាក់ថា «ព្រះសហគមន៍មិនមែនជាឃ្លាំងលុយសម្រាប់ជួយអ្នកនេះអ្នកនោះតាមការនឹកឃើញ តែអ្វីដែលមានគឺជាប្រាក់សន្សំសម្រាប់ជួយអ្នកដែលត្រូវការជាចាំបាច់ គឺអ្នកក្រីក្រ។ ហេតុនេះទោះបីអ្នកនោះមានសាសនាអ្វី គឺយើងជួយគេដោយក្តីស្រលាញ់ហើយក៏មិនមែនអូសទាញគេឲ្យចូលសាសនាខ្លួនឡើយ។ តែផ្ទុយទៅវិញចង់គេអ្នកក្រីក្រទាំងនោះមានអំណរសប្បាយហើយគិតថាមានមនុស្សជាច្រើនដែលកំពុងស្រលាញ់គេ មិនបោះបង់គេចោល»។

អ្នកស្រីភួង សុភី វ័យ ៥៦ឆ្នាំ នឹងទទួលបានផ្ទះថ្មី ពីព្រះសហគមន៍កាតូលិកបានឲ្យដឹងថា«ខ្ញុំសូមអរគុណជាខ្លាំងចំពោះព្រះសហគមន៍កាតូលិកដែលបានជួយស្រោចស្រង់ជីវិតរបស់ខ្ញុំឲ្យមានផ្ទះរស់នៅដូចគេឯង បើគ្មានការជួយពីលោកទេមិនដឹងថាពេលណាមានដំបូលជ្រកនោះទេ»។

អ្នកស្រីសុភីជាស្ត្រីមេម៉ាយ ដែលមានកូន២នាក់ក្នុងន្ទុក បន្ថែមទៀតថា «ជីវិតខ្ញុំក្រីក្រខ្លាំងរស់នៅរាល់ថ្ងៃពឹងអាស្រ័យតែបងប្អូននិងអ្នកជីតខាងខ្លះៗ តែខ្ញុំទទួលបានក្តីសង្ឃឹមខ្លាំងនៅពេលដែលឃើញខាងព្រះសហគមន៍មកសួរសុខទុក្ខនិងផ្តល់ជំរកឲ្យខ្ញុំនិងកូនៗ។ វាមិនច្រើនទេសម្រាប់អ្នកមានតែវាច្រើនខ្លាំងណាស់សម្រា់បជីវិតខ្ញុំជាអ្នកក្រីក្រហេតុនេះមេរៀនក្តីស្រលាញ់ដែលខ្ញុំទទួលបានពីខាងសាសនាកាតូលិកមកលើគ្រួសារខ្ញុំនិងអ្នកក្រីក្រផ្សេងទៀត។ នេះគឺធ្វើឲ្យខ្ញុំមានកម្លាំងចិត្តរស់នៅបន្តហើយនិងអនុវត្តនូវការជួយគ្នាទៅវិញទៅមកដោយក្តីស្រលាញ់ដូចខ្ញុំបានទទួលដែរ»។

លោកបូជាចារ្យក៏សូមលើកទឹកចិត្តដល់អ្នកក្រីក្រ អ្នកជំងឺ និងអ្នកដែលកំពុងពិបាកចិត្តទាំងអស់ថា៖សូមឲ្យមានសេចក្តីសង្ឃឹមក្នុងជីវិតត្រូវប្រឹងប្រែងរស់នៅបន្តទៀត ត្រូវប្រឹងប្រែងធ្វើការ បើទោះបីជាយើងជាអ្នកក្រ ជាមនុសុ្សដែលគេមិនចង់រាប់រក តែនៅមានមនុស្សជាច្រើនដែលស្រលាញ់និងយកចិត្តទុកដាក់ចំពោះយើង ជាពិសេសគឺព្រះជាម្ចាស់ដែលតែងតែស្រលាញ់អ្នកក្រីក្រគ្រប់ពេលវេលា ក្នុងអង្គព្រះគ្រីស្គយើងជាមហាគ្រូសារតែមួយ៕
ដោយ៖ រឿន ស្រីម៉ាច