ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៩

អត្ថបទទី១ ១យ៉ូហាន ២,២៩_៣,៦
ព្រះគម្ពីរដំណឹងល្អ យ៉ូហាន ១,២៩-៣៤
ព្រះ‌យេស៊ូជាកូនចៀមរបស់ព្រះ‌ជាម្ចាស់

29 នៅថ្ងៃបន្ទាប់ លោកយ៉ូហានឃើញព្រះ‌យេស៊ូយាងតម្រង់មករកលោក រួចលោកក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះ‌ជាម្ចាស់ ដែលដកបាបចេញពីមនុស្សលោក 30 គឺលោកនេះហើយ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា “អ្នកដែលមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”។ 31 កាលពីដើម ខ្ញុំពុំស្គាល់ឋានៈរបស់លោកទេ ប៉ុន្តែ ខ្ញុំមកធ្វើពិធីជ្រមុជក្នុងទឹក* ដើម្បីឲ្យលោកបង្ហាញខ្លួនឲ្យប្រជា‌រាស្ត្រអ៊ីស្រា‌អែលស្គាល់»។ 32 លោកយ៉ូហានបានផ្ដល់សក្ខីភាពថា៖ «ខ្ញុំបានឃើញព្រះ‌វិញ្ញាណយាងចុះពីស្ថានបរម‌សុខ* ដូចសត្វព្រាបមកសណ្ឋិតលើលោក។ 33 ពីមុន ខ្ញុំពុំស្គាល់ឋានៈលោកទេ ប៉ុន្តែ ព្រះ‌ជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជក្នុងទឹក ទ្រង់មានព្រះ‌បន្ទូលមកខ្ញុំថា “អ្នកឃើញព្រះ‌វិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើពិធីជ្រមុជក្នុងព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ*”។ 34 ខ្ញុំបានឃើញដូច្នោះមែន ហើយខ្ញុំសូមបញ្ជាក់ថា លោកនេះពិតជាព្រះ‌បុត្រារបស់ព្រះ‌ជាម្ចាស់មែន»។