ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨

អត្ថបទទី១ ១យ៉ូហាន២,១៨-២១
ព្រះគម្ពីរដំណឹងល្អ យ៉ូហាន ១,១-១៨
បុរេ‌កថា

1 កាលពីដើមដំបូងបង្អស់ ព្រះ‌បន្ទូល មានព្រះ‌ជន្មគង់នៅ។ ព្រះ‌បន្ទូលគង់នៅជាមួយ ព្រះ‌ជាម្ចាស់ ហើយព្រះ‌បន្ទូលជាព្រះ‌ជាម្ចាស់។
2 ព្រះ‌បន្ទូលគង់នៅជាមួយព្រះ‌ជាម្ចាស់ កាលពីដើមដំបូងបង្អស់។
3 អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយ‌សារព្រះ‌បន្ទូល គឺក្នុងបណ្ដាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីព្រះ‌អង្គបង្កើតនោះឡើយ។
4 ព្រះ‌បន្ទូលជាប្រភពនៃជីវិត ហើយជីវិតនោះជាពន្លឺបំភ្លឺមនុស្សលោក។
5 ពន្លឺភ្លឺក្នុងសេចក្ដីងងឹត តែសេចក្ដីងងឹតពុំបានទទួលពន្លឺទេ ។
6 ព្រះ‌ជាម្ចាស់បានចាត់បុរសម្នាក់ឈ្មោះយ៉ូហានឲ្យមក។
7 លោកបានមកធ្វើជាបន្ទាល់ផ្ដល់សក្ខីភាពអំពីពន្លឺ ដើម្បីឲ្យមនុស្សទាំងអស់ជឿដោយ‌សារលោក។
8 លោកយ៉ូហានមិនមែនជាពន្លឺទេ គឺលោកគ្រាន់តែមកផ្ដល់សក្ខីភាពអំពីពន្លឺប៉ុណ្ណោះ។
9 ព្រះ‌បន្ទូលជាពន្លឺដ៏ពិតប្រាកដតែមួយ ដែលមកក្នុងពិភពលោក ហើយបំភ្លឺមនុស្សគ្រប់ៗរូប។
10 ព្រះ‌បន្ទូលបានគង់ក្នុងពិភពលោក ហើយពិភពលោកកើតឡើងដោយ‌សារព្រះ‌អង្គ ប៉ុន្តែ ពិភពលោកពុំបានទទួលស្គាល់ព្រះ‌អង្គទេ។
11 ព្រះ‌បន្ទូលបានយាងមកគង់ជាមួយប្រជា‌រាស្ត្ររបស់ព្រះ‌អង្គផ្ទាល់ តែប្រជា‌រាស្ត្រនោះពុំបានទទួលព្រះ‌អង្គឡើយ។
12 រីឯអស់អ្នកដែលបានទទួលព្រះ‌អង្គ គឺអស់អ្នកដែលជឿលើព្រះ‌នាមព្រះ‌អង្គ ព្រះ‌អង្គប្រទានឲ្យគេអាចទៅជាបុត្ររបស់ព្រះ‌ជាម្ចាស់។
13 អ្នកទាំងនោះពុំមែនកើតពីលោហិត ពីចំណង់តណ្ហា ឬពីបំណងមនុស្សឡើយ គឺកើតពីព្រះ‌ជាម្ចាស់វិញ។
14 ព្រះ‌បន្ទូលបានកើតមកជាមនុស្ស ហើយគង់នៅ ក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរី‌រុងរឿងរបស់ព្រះ‌អង្គ ជាសិរី‌រុងរឿងនៃព្រះ‌បុត្រាតែមួយគត់ ដែលមកពីព្រះ‌បិតា ព្រះ‌អង្គពោរ‌ពេញទៅដោយព្រះ‌គុណ និងសេចក្ដីពិត។
15 លោកយ៉ូហានបានផ្ដល់សក្ខីភាពអំពីព្រះ‌អង្គ ដោយប្រកាសថា៖ «គឺលោកនេះហើយដែលខ្ញុំនិយាយថា “អ្នកមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”»។
16 យើងទាំងអស់គ្នាបានទទួលព្រះ‌គុណមិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណ‌សម្បត្តិរបស់ព្រះ‌អង្គ
17 ដ្បិតព្រះ‌អង្គប្រទានក្រឹត្យ‌វិន័យ*តាមរយៈលោកម៉ូសេ ហើយព្រះ‌គុណ និងសេចក្ដីពិត តាមរយៈព្រះ‌យេស៊ូ‌គ្រិស្ដ។
18 ពុំដែលមាននរណាម្នាក់បានឃើញព្រះ‌ជាម្ចាស់ឡើយ មានតែព្រះ‌បុត្រាមួយព្រះ‌អង្គប៉ុណ្ណោះ ដែលបាននាំយើងឲ្យស្គាល់ព្រះ‌អង្គ ដ្បិតព្រះ‌បុត្រាមានព្រះ‌ជន្មរួមជាមួយព្រះ‌បិតា ។