ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩

ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ៣,២២-៣០
ព្រះ‌យេស៊ូឆ្លើយតបនឹងពួកអ្នកចោទប្រកាន់ព្រះ‌អង្គ

22 ពួកអាចារ្យ* ដែលចុះមកពីក្រុងយេរូ‌សាឡឹមនិយាយថា៖ «អ្នកនេះមានបេល‌សេប៊ូលជាស្ដេចអារក្សនៅក្នុងខ្លួន គាត់អាចដេញអារក្សដូច្នេះ ព្រោះស្ដេចអារក្សប្រគល់អំណាចឲ្យ»។
23 ព្រះ‌យេស៊ូត្រាស់ហៅគេមក រួចមានព្រះ‌បន្ទូលជាប្រស្នាថា៖ «តើមារ*សាតាំងអាចដេញមារសាតាំងដូចម្ដេចកើត? 24 ប្រសិនបើពល‌រដ្ឋក្នុងនគរណាមួយបែកបាក់ទាស់‌ទែងគ្នាឯង នគរនោះពុំអាចស្ថិត‌ស្ថេរគង់‌វង្សតទៅមុខឡើយ។ 25 ប្រសិនបើមានក្រុមគ្រួសារមួយបែកបាក់ទាស់‌ទែងគ្នា ក្រុមគ្រួសារនោះក៏ពុំអាចនៅស្ថិត‌ស្ថេរគង់‌វង្សដែរ។
26 ដូច្នេះ ប្រសិនបើមារសាតាំងក្រោកឡើងប្រឆាំងនឹងខ្លួនឯង បែកបាក់ទាស់‌ទែងនឹងខ្លួនឯង វាមិនអាចនៅស្ថិត‌ស្ថេរគង់‌វង្សឡើយ គឺវាមុខជាត្រូវវិនាសមិនខាន។
27 គ្មាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់គាត់បានឡើយ គឺត្រូវតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់បាន។ 28 ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើមនុស្សលោកធ្វើអំពើបាប និងពោលពាក្យប្រមាថព្រះ‌ជាម្ចាស់ ព្រះ‌អង្គនឹងលើក‌លែងទោសទាំងអស់។
29 រីឯអ្នកដែលពោលពាក្យប្រមាថព្រះ‌វិញ្ញាណដ៏‌វិសុទ្ធវិញ ព្រះ‌អង្គមិនលើក‌លែងទោសសោះឡើយ ដ្បិតអ្នកនោះមានទោសអស់‌កល្បជា‌និច្ច»។ 30 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលដូច្នេះ ព្រោះគេនិយាយថា ព្រះ‌អង្គមានវិញ្ញាណអាក្រក់នៅក្នុងខ្លួន។