ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៩

ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ៧,១៤_២៣
មូលហេតុដែលបណ្ដាលឲ្យមនុស្សមិនបរិសុទ្ធ

14 បន្ទាប់មក ព្រះ‌យេស៊ូត្រាស់ហៅបណ្ដា‌ជនមកម្ដងទៀត រួចមានព្រះ‌បន្ទូលទៅគេថា៖ «ចូរស្ដាប់ខ្ញុំទាំងអស់គ្នា ហើយយល់ឲ្យច្បាស់ថា 15 អ្វីៗពីខាងក្រៅ ចូលទៅក្នុងមនុស្ស ពុំអាចធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធ*ឡើយ ផ្ទុយទៅវិញ មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យមិនបរិសុទ្ធ [16 អ្នកណាឮពាក្យនេះហើយ ចូរយកទៅពិចារណាចុះ]»។
17 កាលព្រះ‌យេស៊ូយាងចេញពីបណ្ដា‌ជន ចូលទៅក្នុងផ្ទះ ពួកសិស្ស*នាំគ្នាទូលសួរព្រះ‌អង្គអំពីប្រស្នានេះ។ 18 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅគេថា៖ «អ្នករាល់គ្នាក៏គ្មានប្រាជ្ញាដូចពួកគេដែរឬ? អ្នករាល់គ្នាត្រូវយល់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធឡើយ
19 ដ្បិតអ្វីៗទាំងនោះមិនចូលទៅក្នុងចិត្តទេ គឺចូលទៅក្នុងពោះ រួចចេញមកធ្លាក់ទៅទីបន្ទោរបង់»។ ព្រះ‌អង្គបញ្ជាក់ថាគ្រប់អាហារសុទ្ធតែបរិសុទ្ធទាំងអស់។ 20 ព្រះ‌អង្គមានព្រះ‌បន្ទូលទៀតថា៖ «មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យគេមិនបរិសុទ្ធ
21 ដ្បិតគំនិតអាក្រក់ទាំងប៉ុន្មានសុទ្ធតែចេញមកពីខាងក្នុងចិត្តរបស់មនុស្ស គឺគំនិតដែលនាំឲ្យប្រព្រឹត្តកាម‌គុណថោកទាប លួចប្លន់ កាប់សម្លាប់ 22 ផិតក្បត់ លោភ‌លន់ចង់បានទ្រព្យគេ កាចសាហាវ បោកប្រាស់គេ ប្រព្រឹត្តអបាយ‌មុខ ច្រណែន‌ឈ្នានីស អំនួត និងគំនិត‌លេលា។ 23 ការ‌អាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមនុស្សមក ធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធ*»។