ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី២ ខែកម្ភៈ ឆ្នាំ២០១៩

ព្រះគម្ពីរដំណឹងល្អ លូកា ២,២២-៤០
ពិធីថ្វាយព្រះ‌ឱរសយេស៊ូនៅក្នុងព្រះ‌វិហារ

22 លុះដល់ពេលកំណត់ដែលលោកយ៉ូសែប និងនាងម៉ារី ត្រូវធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ* តាមវិន័យ*លោកម៉ូសេ* បានចែងទុក អ្នកទាំងពីរក៏នាំព្រះ‌ឱរសទៅថ្វាយព្រះ‌អម្ចាស់ នៅក្រុងយេរូ‌សាឡឹម 23 ដ្បិតក្នុងក្រឹត្យ‌វិន័យរបស់ព្រះ‌អម្ចាស់មានចែងទុកមកថា៖«កូនប្រុសច្បងទាំងអស់ត្រូវទុកជាចំណែកថ្វាយព្រះ‌អម្ចាស់»។ 24 អ្នកទាំងពីរថ្វាយយញ្ញ‌បូជា ស្របតាមក្រឹត្យ‌វិន័យរបស់ព្រះ‌អម្ចាស់ ដែលតម្រូវឲ្យថ្វាយ“លលកមួយគូ ឬព្រាបស្ទាវពីរ”។ 25 នៅក្រុងយេរូ‌សាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម្មានជាមនុស្សសុចរិត* គាត់គោរពកោតខ្លាចព្រះ‌ជាម្ចាស់ ព្រមទាំងទន្ទឹងរង់‌ចាំពេលព្រះ‌អង្គយាងមកសម្រាលទុក្ខប្រជា‌រាស្ដ្រអ៊ីស្រា‌អែល។ ព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ*សណ្ឋិតលើគាត់ 26 ហើយសម្តែងឲ្យគាត់ដឹងថាគាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញព្រះ‌គ្រិស្ដ* ដែលព្រះ‌អម្ចាស់ចាត់ឲ្យមកទេនោះ។
27 ព្រះ‌វិញ្ញាណនាំលោកស៊ីម្មានចូលក្នុងព្រះ‌វិហារ*។ ពេលមាតា‌បិតានាំព្រះ‌ឱរសយេស៊ូមកថ្វាយព្រះ‌ជាម្ចាស់ ដូចមានចែងទុកក្នុងក្រឹត្យ‌វិន័យ* 28 លោកស៊ីម្មានក៏យកព្រះ‌ឱរសមកបី រួចសរសើរតម្កើងព្រះ‌ជាម្ចាស់ថា៖
29 «បពិត្រព្រះដ៏ជាចៅហ្វាយ!
ឥឡូវនេះ ព្រះ‌អង្គបានសម្រេចតាម
ព្រះ‌បន្ទូលសន្យាហើយ។
ដូច្នេះ សូមឲ្យទូលបង្គំ
ជាអ្នកបម្រើរបស់ព្រះ‌អង្គ
លាចាកលោកនេះទៅ ដោយសុខ‌សាន្តផងចុះ
30 ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ
31 ដែលព្រះ‌អង្គបានប្រទានមកឲ្យ
ប្រជា‌ជាតិទាំងអស់
32 គឺជាពន្លឺដែលនាំឲ្យមនុស្ស
គ្រប់ជាតិសាសន៍ស្គាល់ព្រះ‌អង្គ
និងជាសិរី‌រុងរឿងរបស់អ៊ីស្រា‌អែល
ជាប្រជា‌រាស្ត្រព្រះ‌អង្គ»។
ពាក្យទំនាយរបស់លោកស៊ីម្មាន

33 មាតា‌បិតារបស់ព្រះ‌យេស៊ូងឿង‌ឆ្ងល់នឹងសេចក្ដីដែលលោកស៊ីម្មានមានប្រសាសន៍អំពីព្រះ‌ឱរសណាស់។ 34 លោកស៊ីម្មានជូនពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារីជាមាតាថា៖ «ព្រះ‌ជាម្ចាស់បានចាត់បុត្រនេះមក ដើម្បីឲ្យជន‌ជាតិអ៊ីស្រា‌អែលច្រើននាក់ដួល ឬងើបឡើងវិញ។ បុត្រនេះជាទីសម្គាល់មួយបង្ហាញអំពីការសង្គ្រោះរបស់ព្រះ‌ជាម្ចាស់ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។ 35 បុត្រនេះធ្វើឲ្យគំនិតលាក់កំបាំងរបស់មនុស្សជាច្រើន លេចច្បាស់ឡើង រីឯនាងវិញ នាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវមួយមកចាក់ទម្លុះដួងចិត្ត របស់នាង»។ ពាក្យទំនាយរបស់ព្យាកា‌រិនីអាណ

36 មានព្យាកា‌រិនីម្នាក់ឈ្មោះ អាណ ជាកូនរបស់លោកផាញូ‌អែល ក្នុងកុល‌សម្ព័ន្ធ*អេ‌ស៊ើរ។ គាត់រៀប‌ការបានប្រាំ‌ពីរឆ្នាំ ប្ដីគាត់ក៏ទទួលមរណ‌ភាពចោលទៅ 37 គាត់នៅមេ‌ម៉ាយរហូត ឥឡូវនេះ គាត់មានវ័យចាស់ណាស់ទៅហើយ អាយុប៉ែត‌សិបបួនឆ្នាំ។ គាត់មិនទៅណាឆ្ងាយពីព្រះ‌វិហារ*ទេ គាត់នៅគោរពបម្រើព្រះ‌អង្គទាំងយប់ទាំងថ្ងៃ ដោយតមអាហារ និងអធិស្ឋាន*ផង។ 38 ពេលនោះ លោកស្រីអាណក៏នៅទីនោះដែរ គាត់សរសើរតម្កើងព្រះ‌ជាម្ចាស់ រួចតំណាលអំពីព្រះ‌ឱរសនោះ ប្រាប់អស់អ្នកដែលទន្ទឹងរង់‌ចាំព្រះ‌ជា ចាស់យាងមកលោះក្រុងយេរូ‌សាឡឹម។ ព្រះ‌ឱរសត្រឡប់ទៅភូមិណាសា‌រ៉ែតវិញ

39 កាលមាតា‌បិតារបស់ព្រះ‌យេស៊ូបានបំពេញកិច្ចការទាំងអស់ ស្របតាម រឹត្យ‌វិន័យ*របស់ព្រះ‌អម្ចាស់សព្វគ្រប់ហើយ គាត់ក៏នាំគ្នាវិលត្រឡប់ទៅណាសា‌រ៉ែត ជាភូមិរបស់គាត់ក្នុងស្រុកកាលី‌ឡេវិញ។ 40 ព្រះ‌កុមារមានវ័យចម្រើនឡើងជាលំដាប់ មានកម្លាំងកាន់តែមាំ‌មួនឡើង និងពោរ‌ពេញទៅដោយព្រះ‌ប្រាជ្ញាញាណ។ ព្រះ‌ជាម្ចាស់គាប់ព្រះ‌ហឫទ័យនឹងព្រះ‌កុមារនេះណាស់។