ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨

អត្ថបទទី១ ១យ៉ូហាន ២,៣_១១
ព្រះគម្ពីរដំណឹងល្អ លូកា ២,២២_៣៥

22លុះដល់ពេលកំណត់ដែលលោកយ៉ូសែប និង នាងម៉ារីត្រូវធ្វើពិធីជំរះកាយ អោយបានបរិសុទ្ធតាមវិន័យលោកម៉ូសេ បានចែងទុក អ្នកទាំងពីរក៏នាំព្រះឱរសទៅថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម 23ដ្បិតក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់មានចែងទុកមកថា៖ «កូនប្រុសច្បងទាំងអស់ ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់»។ 24អ្នកទាំងពីរថ្វាយយញ្ញបូជាស្របតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ដែលតំរូវអោយថ្វាយ”លលកមួយគូ ឬ ព្រាបស្ទាវពីរ”។ 25នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម្មានជាមនុស្សសុចរិត គាត់គោរពកោតខ្លាចព្រះជាម្ចាស់ ព្រមទាំងទន្ទឹងរង់ចាំពេលព្រះអង្គយាងមកសំរាលទុក្ខប្រជារាស្ដ្រអ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើគាត់ 26ហើយសំដែងអោយគាត់ដឹងថាគាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញព្រះគ្រិស្ដ ដែលព្រះអម្ចាស់ចាត់អោយមកទេនោះ។ 27ព្រះវិញ្ញាណនាំលោកស៊ីម្មានចូលក្នុងព្រះវិហារ។ ពេលមាតាបិតានាំព្រះឱរសយេស៊ូមកថ្វាយព្រះជាម្ចាស់ ដូចមានចែងទុកក្នុងក្រឹត្យវិន័យ 28លោកស៊ីម្មានក៏យកព្រះឱរសមកបី រួចសរសើរតម្កើងព្រះជាម្ចាស់ថា៖ 29«បពិត្រព្រះដ៏ជាចៅហ្វាយ! ឥឡូវនេះ ព្រះអង្គបានសំរេចតាមព្រះបន្ទូលសន្យាហើយ។ ដូច្នេះសូមអោយទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ លាចាកលោកនេះទៅ ដោយសុខសាន្ដផងចុះ 30ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ 31ដែលព្រះអង្គបានប្រទានមកអោយប្រជាជាតិទាំងអស់ 32គឺជាពន្លឺដែលនាំអោយមនុស្ស គ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និង ជាសិរីរុងរឿងរបស់អ៊ីស្រាអែលជាប្រជារាស្ដ្រព្រះអង្គ»។ 33មាតាបិតារបស់ព្រះយេស៊ូ ងឿងឆ្ងល់នឹងសេចក្ដីដែលលោកស៊ីម្មានមានប្រសាសន៍ អំពីព្រះឱរសណាស់។ 34លោកស៊ីម្មានជូនពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារី ជាមាតាថា៖«ព្រះជាម្ចាស់បានចាត់បុត្រនេះមក ដើម្បីអោយជនជាតិអ៊ីស្រាអែលច្រើននាក់ដួល ឬ ងើបឡើងវិញ។ បុត្រនេះជាទីសំគាល់មួយបង្ហាញអំពីការសង្គ្រោះរបស់ព្រះជាម្ចាស់ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។ 35បុត្រនេះធ្វើអោយគំនិតលាក់កំបាំងរបស់មនុស្សជាច្រើន លេចច្បាស់ឡើង រីឯនាងវិញ នាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវមួយមកចាក់ទម្លុះដួងចិត្ដ របស់នាង»។