ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨

បុណ្យគោរព ទារកដ៏ស្លូតត្រង់ ជាមរណៈសាក្សី 
អត្ថបទទី ១យ៉ូហាន ១,៥-២,២
ព្រះគម្ពីរដំណឹងល្អ ម៉ាថាយ ២,១៣-១៨
ព្រះ‌យេស៊ូភៀសខ្លួនទៅនៅស្រុកអេស៊ីប

13 កាលពួកហោរា‌ចារ្យចាកចេញផុតទៅ ទេវតា*របស់ព្រះ‌អម្ចាស់មកប្រាប់លោកយ៉ូសែប ក្នុងសុបិននិមិត្តថា៖ «ចូរក្រោកឡើង នាំព្រះ‌ឱរស និងមាតារបស់ព្រះ‌អង្គ រត់ទៅស្រុកអេស៊ីបទៅ។ ចូរស្នាក់នៅស្រុកនោះ រហូតដល់យើងប្រាប់ឲ្យវិលត្រឡប់មកវិញ សឹមមក ដ្បិតស្ដេចហេរ៉ូដរកធ្វើគុតព្រះ‌ឱរស»។
14 លោកយ៉ូសែបក្រោកឡើង នាំព្រះ‌ឱរស និងមាតារបស់ព្រះ‌អង្គ រត់ភៀសខ្លួនទៅស្រុកអេស៊ីបទាំងយប់។
15 គាត់ស្នាក់នៅទីនោះរហូតដល់ព្រះ‌បាទហេរ៉ូដសោយទិវង្គត ដើម្បីឲ្យបានស្របនឹងសេចក្ដី ដែលព្រះ‌អម្ចាស់មានព្រះ‌បន្ទូលតាមរយៈព្យាការីថា៖«យើងបានហៅបុត្រយើងចេញពីស្រុកអេស៊ីបមក»។
ស្ដេចហេរ៉ូដចេញបញ្ជាឲ្យគេសម្លាប់ក្មេងៗ

16 ព្រះ‌បាទហេរ៉ូដយល់ថាពួកហោរា‌ចារ្យបានបំបាក់មុខព្រះ‌អង្គ ស្ដេចទ្រង់ព្រះ‌ពិរោធក្រៃ‌លែង ហើយចេញបញ្ជាឲ្យគេសម្លាប់ក្មេងប្រុសៗទាំងអស់ ដែលមានអាយុពីពីរខួបចុះមក នៅភូមិបេថ្លេ‌ហិម និងភូមិជិតខាង គឺគិតចាប់តាំងពីពេលកំណត់ដែលផ្កាយត្រូវរះ ដូចទ្រង់បានសួរបញ្ជាក់ពួកហោរា‌ចារ្យ។
17 ហេតុ‌ការណ៍នេះកើតឡើងស្របនឹងសេចក្ដី ដែលមានចែងទុកតាមរយៈព្យាការី*យេរេមាថា៖
18 «មានសំឡេងមួយលាន់ឮពីភូមិរ៉ាម៉ាមក
ជាទំនួញសោក‌សៅ
គឺនាងរ៉ាជែលយំសោកអាណិតកូន
នាងមិនព្រមឲ្យនរណាសម្រាលទុក្ខឡើយ
ព្រោះកូននាងបាត់បង់ជីវិតអស់ទៅហើយ»។