ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទុលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩

ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ១,១៤-២០
ព្រះ‌យេស៊ូត្រាស់ហៅសិស្សបួនរូប

14 ក្រោយគេចាប់លោកយ៉ូហានយកទៅឃុំ‌ឃាំង ព្រះ‌យេស៊ូយាងទៅស្រុកកាលី‌ឡេ ហើយប្រកាសដំណឹង‌ល្អ*របស់ព្រះ‌ជាម្ចាស់។
15 ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ «ពេលកំណត់មកដល់ហើយ រីឯព្រះ‌រាជ្យ*របស់ព្រះ‌ជាម្ចាស់ក៏មកជិតបង្កើយដែរ។ ចូរនាំគ្នាកែប្រែចិត្តគំនិត ហើយជឿដំណឹង‌ល្អចុះ!»។
16 កាលព្រះ‌យេស៊ូយាងតាមឆ្នេរសមុទ្រកាលី‌ឡេព្រះ‌អង្គទតឃើញលោកស៊ីម៉ូន និងលោកអនទ្រេ ជាប្អូនរបស់គាត់ កំពុងតែបង់សំណាញ់ ព្រោះអ្នកទាំងពីរជាអ្នកនេសាទត្រី។
17 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅគេថា៖ «សុំអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។
18 អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមព្រះ‌អង្គទៅ។
19 កាលព្រះ‌យេស៊ូយាងទៅមុខបន្ដិច ព្រះ‌អង្គទតឃើញលោកយ៉ាកុប និងលោកយ៉ូហាន ជាប្អូន កំពុងតែរៀបចំអួននៅក្នុងទូកមួយ អ្នកទាំងពីរជាកូនលោកសេបេ‌ដេ។
20 ព្រះ‌អង្គត្រាស់ហៅអ្នកទាំងពីរភ្លាម គេក៏ដើរតាមព្រះ‌យេស៊ូទៅ ទុកឪពុកឲ្យនៅក្នុងទូកជាមួយពួកកូនឈ្នួល។