ព័ត៌មានភូមិភាគកំពង់ចាមភូមិភាគបាត់ដំបងភូមិភាគភ្នំពេញ

ប្រសិទ្ធីពរលើប្រេងនៃព្រះសហគមន៍កាតូលិកកម្ពុជា

គ្រីស្ត​បរិស័ទកាតូលិក​មកពី​ភូមិភាគ​ភ្នំពេញ ​​បាត់ដំបង និង​កំពង់ចាម​​ជាច្រើនរយនាក់ និង​បូ​ជាចារ្យ​កាតូលិក​ទាំងអស់​ នៅ​​កម្ពុជា បាន​ប្រារព្ធអភិបូជា​​ប្រសិទ្ធីពរ​លើ​ប្រេង​ម្រាប់ព្រះសហគមន៍ទាំងអស់​ឲ្យធ្វើជាសាក្សី​នៃ​ព្រះយេស៊ូ ដែ​លជាប្រពៃណី​​ព្រះសហគមន៍កាតូលិក ក្រោម​អធិបតីភាព ​លោក​អភិបាល​នៃព្រះសហគមន៍ទាំងបីភូមិភាគ រួមជាមួយ​អស់លោក​បូជាចារ្យ​ទាំង​អស់​ដែល​នៅក្នុងប្រទេសកម្ពុជា​ នាល្ងាចថ្ងៃទី​៩​ មេសា​ ២០១៩ នៅព្រះវិហារសន្ត​សិលា និសន្តប៉ូល​ ក្នុង​​មណ្ឌលសកម្មភាពភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី។​

នៅពេល​តំណាង​គ្រីស្តបរិស័ទ និងជា​តំណាង​គណៈកម្មាធិការសំខាន់​ទាំងបី​​មាន​គណៈកម្មការពិធីបុណ្យ គណៈកម្ម​ការ​សង្គហៈ និង​គណៈកម្មការ​អប់រំជំនឿ) នៅក្នុង​ព្រះសហគមន៍​កាតូលិក បាន​ហែថូ​ប្រេង​ទាំងបីប្រភេទ​ចូលមកក្នុងអង្គពិធី ដោយ​មាន​លោក​អភិបាល​នីមួយៗ​ចាំទទួល​ និង​អធិដ្ឋាន​ទូល​អង្វរព្រះជាម្ចាស់​ទៅ​តាមប្រភេទ​នៃប្រេងដែល​ត្រូវប្រើស្របតាម​ប្រពៃណី​នៃព្រះសហគមន៍កាតូលិកផងដែរ​។

លោក​អភិបាល​អូលីវី​យេ បាន​ផ្លុំ​លើ​ប្រេងទាំងនេះ ដើម្បី​បញ្ជាក់​​ថាព្រះវិញ្ញាណ​ដ៏​វិសុទ្ធយាងមក​​ និង​អធិដ្ឋាន​ដោយ​នឹក​ដល់អគ្គសញ្ញានានា នឹកដល់ឫទ្ធិបារមីនៃប្រេង​ពិសិដ្ឋ​នៅក្នុង​សម្ពន្ធមេត្រីចាស់​ ​នឹក​ដល់​ព្រះ​យេស៊ូ​​​​ដែល​បំពេញ​បេសកម្មសង្គ្រោះ​មនុស្សលោក​ ហើយ​ទូលអង្វរ​ព្រះ​ជាម្ចាស់​​ដល់ព្រះ​សហគមន៍​ ដើម្បី​បន្ត​បេសកម្ម​តាម​រយៈ​ប្រេងពិសិដ្ឋនេះ​ ដើម្បី​ឲ្យ​មនុស្ស​លោក​​​បាន​ទទួលព្រះ​ពរ ​និង​ទៅជាបុត្រធីតា​របស់​ព្រះជាម្ចាស់ដែល​បាន​កើតជាថ្មី​ដោយ​អគ្គ​សញ្ញាជ្រមុជទឹក និងអគ្គសញ្ញានានា​ដែល​បាន​ប្រើដោយ​ប្រេងនេះ។

លោក​អភិបាលទាំងបី រួមជាមួយ​​អស់​លោក​បូជាចារ្យ​ទាំងទ្រាបដៃលើ​ប្រេង​ ​ទូលអង្វរ​ព្រះជាម្ចាស់ និង​ដោយ​ឫទ្ធានុភាពនៃ​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ ដើម្បីឲ្យ​ប្រេង​ដែល​លាយជាមួយ​គ្រឿង​ក្រអូប​ទាំង​នេះ​ បាន​ទៅជា​អគ្គសញ្ញា​បង្ហាញ​ពី​ព្រះ​ហឫទ័យ​មេត្តាករុណារបស់​ព្រះជាម្ចាស់ និង​សូម​ឲ្យ​ប្រេងទាំងនេះ​ពោរពេញ​ដោយព្រះវិញ្ញាណដ៏វិសុទ្ធដើម្បី​ឲ្យ​អស់អ្នក​ដែល​ទទួលប្រេងនេះបាន​សេចក្តីសុខសាន្ត​។​

តាមប្រសាសន៍​របស់​លោក​អភិបាល​អូលីវីយេ​បាន​បញ្ជាក់ថា ប្រេង​ដែល​បាន​ធ្វើ​​ប្រសិទ្ធីពរ​​នោះ​មាន​បីយ៉ាង គឺ៖ ១)​ ប្រេង​សម្រាប់​លាប ដើម្បី​ផ្តល់កម្លាំង​ឲ្យ​អ្នក​ជម្ងឺ ចាស់ជរា ជនពិការ និងអស់អ្នកដែលរងទុក្ខលំបាក។ ២) ប្រេងសម្រាប់​អ្នករៀប​ចំខ្លួន​ទទួល​អគ្គសញ្ញា​ជ្រមុជ​ទឹក និងអស់អ្នក​ដែល​មិនទាន់ស្គាល់ព្រះយេស៊ូ​។​ ៣) ​ប្រេងគ្រីស្មា ដែល​ប្រើ​សម្រាប់​ អគ្គសញ្ញាលាបថ្ងាស សម្រាប់អស់អ្នក​ដែល​ស្ម័គ្រចិត្តថ្វាយខ្លួនជាអ្នក​បម្រើព្រះជាម្ចាស់​ សម្រាប់និស្សិតទេវវិទ្យាល័យ​​ អគ្គសញ្ញាតែងតាំងជាបូជាចារ្យជាអភិបាល និង​សម្រាប់ទីសក្ការៈនានានៃព្រះសហគមន៍ទាំងអស់​ដើម្បី​ធ្វើជាសាក្សី​នៃព្រះយេស៊ូ។ លោក​បញ្ជាក់ថា​ មានតែ​លោក​អភិបាល​ទេដែលមានសិទ្ធិ​ប្រសិទ្ធិពរប្រេងទាំងនោះបាន​ ដោយសូមព្រះជាម្ចាស់​គង់នៅជាមួយ​ព្រះសហគមន៍ ដែល​ជាមូល​ហេតុ​មានបងប្អូន​មកពីតំណាងព្រះសហគមន៍ទាំងអស់។

ពិធីនេះ​តែង​តែប្រារព្ធឡើង​ជារៀងរាល់​ឆ្នាំ​ក្នុង​រដូវអប់រំពិសេស មុន​ចូលក្នុង​សប្តាហ៍ពិសិ​ទ្ធ ដើម្បី​យកទៅ​ប្រើ​ប្រាស់​ក្នុង​ពិធី​ផ្សេងៗ​របស់​ព្រះ​សហគន៍​ពេញ​មួយ​ឆ្នាំ​។

ដោយ​ដាលីស​