ព្រះបន្ទូលប្រចាំថ្ងៃ

ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៩

បុណ្យគោរពសន្តប៉ូល ជាគ្រីស្តទូតដែលកែប្រែចិត្តគំនិត
#អត្ថបទទី១ កិច្ចការ ២២,៣_១៦

6 ពេលខ្ញុំកំពុងតែធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសប្រមាណជាថ្ងៃត្រង់ ស្រាប់តែមានពន្លឺមួយដ៏ភ្លឺត្រចះ‌ត្រចង់ ចាំងពីផ្ទៃមេឃមកជុំ‌វិញខ្ញុំ។
7 ខ្ញុំក៏ដួល ហើយឮសំឡេងមួយពោលមកខ្ញុំថា “សូលអើយ សូល! ហេតុដូចម្ដេចបានជាអ្នកបៀត‌បៀនខ្ញុំដូច្នេះ?”។
8 ខ្ញុំបានសួរវិញថា “លោកម្ចាស់អើយ តើលោកជានរណា?”។ សំឡេងនោះឆ្លើយមកខ្ញុំថា “ខ្ញុំជាយេស៊ូ អ្នកស្រុកណាសា‌រ៉ែត ដែលអ្នកកំពុងតែបៀត‌បៀន”។
9 រីឯអស់អ្នកដែលធ្វើដំណើរជាមួយខ្ញុំ ក៏បានឃើញពន្លឺនោះដែរ តែមិនបានឮព្រះសូរសៀងទេ។
10 ខ្ញុំក៏សួរថា “ព្រះ‌អម្ចាស់អើយ តើទូលបង្គំត្រូវធ្វើដូចម្ដេច?”។ ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា “ចូរក្រោកឡើង ទៅក្រុងដាម៉ាសទៅ នៅទីនោះ គេនឹងប្រាប់អ្នកអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះ‌ជាម្ចាស់បង្គាប់ឲ្យអ្នកធ្វើ”។
11 ដោយខ្ញុំពុំអាចមើលអ្វីឃើញ ព្រោះតែពន្លឺរស្មីដ៏រុងរឿងនោះ អស់អ្នកដែលនៅជាមួយខ្ញុំបានដឹកដៃនាំខ្ញុំទៅក្រុងដាម៉ាស។
12 នៅក្រុងនោះ មានបុរសម្នាក់ឈ្មោះអណា‌ណាស ជាអ្នកគោរពប្រណិ‌ប័តន៍ព្រះ‌ជាម្ចាស់ស្របតាមក្រឹត្យ‌វិន័យ* ហើយជន‌ជាតិយូដានៅក្រុងដាម៉ាសគោរពរាប់អានគាត់គ្រប់ៗគ្នា។
13 គាត់មកឈរជិតខ្ញុំ ហើយពោលថា “បងសូលអើយ សូមឲ្យបងមើលឃើញវិញចុះ!”។ រំពេចនោះ ភ្នែកខ្ញុំក៏ភ្លឺឡើង ហើយខ្ញុំមើលឃើញគាត់។
14 គាត់មានប្រសាសន៍ថា “ព្រះនៃបុព្វបុរស*របស់យើង បានជ្រើសរើសបង ដើម្បីឲ្យបងស្គាល់ព្រះ‌ហឫទ័យរបស់ព្រះ‌អង្គ ឲ្យបងបានឃើញព្រះដ៏សុចរិត និងឲ្យបងបានឮព្រះ‌បន្ទូលរបស់ព្រះ‌អង្គផ្ទាល់តែម្ដង
15 ដ្បិតបងនឹងធ្វើជាបន្ទាល់របស់ព្រះ‌អង្គ នៅមុខមនុស្សទាំងអស់ អំពីហេតុ‌ការណ៍ដែលបងបានឃើញ និងអំពីសេចក្ដីដែលបងបានឮ។
16 ដូច្នេះ តើបងនៅបង្អែ‌បង្អង់ដល់កាលណាទៀត សូមក្រោកឡើង ទទួលពិធីជ្រមុជទឹក* ហើយអង្វររកព្រះ‌នាមព្រះ‌អង្គទៅ ដើម្បីព្រះ‌អង្គលាងបាប*ឲ្យ”។

#ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ១៦,១៥_១៨

15 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅគេថា៖ «ចូរនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹង‌ល្អ*ដល់មនុស្សលោកទាំងអស់ចុះ។
16 អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក* ព្រះ‌ជាម្ចាស់នឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។
17 អស់អ្នកដែលជឿនឹងធ្វើទីសម្គាល់ទាំងនេះ គឺគេនឹងដេញអារក្សក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។
18 ប្រសិនបើគេកាន់ពស់ ឬផឹកអ្វីដែលមានជាតិពុល ក៏គេពុំមានគ្រោះថ្នាក់អ្វីដែរ។ ប្រសិនបើគេដាក់ដៃលើអ្នកជំងឺ អ្នកជំងឺនឹងបានជាសះ‌ស្បើយ»។