ព្រះបន្ទូលប្រចាំថ្ងៃ

ថ្ងៃទី១៨ ខែមរករា ឆ្នាំ២០១៩

ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ២,១-១២
ព្រះ‌យេស៊ូប្រោសមនុស្សខ្វិនម្នាក់ឲ្យជា

1 ប៉ុន្មានថ្ងៃក្រោយមក ព្រះ‌យេស៊ូយាងត្រឡប់មកក្រុងកាពើ‌ណិមវិញ ហើយអ្នកស្រុកឮដំណឹងថា ព្រះ‌អង្គគង់នៅក្នុងផ្ទះ។ 2 មានមនុស្សយ៉ាងច្រើនមកមូលផ្ដុំគ្នាកក‌កុញ គ្មានសល់កន្លែងណាសោះឡើយ សូម្បីតែនៅមាត់ទ្វារផ្ទះក៏គ្មានសល់ដែរ។ ព្រះ‌យេស៊ូថ្លែងព្រះ‌បន្ទូលឲ្យគេស្ដាប់។ 3 មានបុរសបួននាក់សែងមនុស្សខ្វិនដៃ ខ្វិនជើងម្នាក់មករកព្រះ‌អង្គ។
4 ប៉ុន្តែ ដោយមានមនុស្សច្រើនពេក គេពុំអាចនាំមនុស្សខ្វិននោះទៅជិតព្រះ‌យេស៊ូបានឡើយ។ ដូច្នេះ គេក៏ចោះដំបូលផ្ទះចំពីលើកន្លែងដែលព្រះ‌អង្គគង់ ហើយសម្រូតមនុស្សខ្វិននៅលើគ្រែស្នែង ចុះតាមប្រឡោះមក។ 5 កាលព្រះ‌យេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះ‌អង្គមានព្រះ‌បន្ទូលទៅកាន់អ្នកពិការថា៖ «កូនអើយ! ខ្ញុំអត់‌ទោសឲ្យអ្នកបាន ចពីបាបហើយ»។ 6 ពួកអាចារ្យខ្លះដែលអង្គុយនៅទីនោះ រិះគិតក្នុងចិត្តថា៖ 7 «ហេតុដូចម្ដេចបានជាអ្នកនេះហ៊ានប្រមាថព្រះ‌ជាម្ចាស់ ដោយពោលពាក្យស្មើនឹងព្រះ‌អង្គបែបនេះ? ក្រៅពីព្រះ‌ជាម្ចាស់មួយព្រះ‌អង្គ តើនរណាអាចអត់‌ទោសមនុស្សឲ្យរួចពីបាបបាន!»។
8 ព្រះ‌យេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេភ្លាម ទ្រង់មានព្រះ‌បន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតដូច្នេះ?
9 បើខ្ញុំប្រាប់អ្នកពិការនេះថា “ខ្ញុំអត់‌ទោសឲ្យអ្នកបានរួចពីបាបហើយ” ឬថា “ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង? 10 ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចនឹងអត់‌ទោសឲ្យមនុស្សនៅលើផែន‌ដីនេះ រួចពីបាបបាន»។ ព្រះ‌អង្គងាកទៅរកអ្នកខ្វិន ហើយមានព្រះ‌បន្ទូលថា៖ 11 «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ!»។
12 មនុស្សខ្វិនក៏ក្រោកឈរឡើងភ្លាម យកគ្រែស្នែងរបស់ខ្លួន ដើរកាត់មុខមនុស្សទាំងអស់ចេញទៅ ធ្វើឲ្យគេគ្រប់គ្នាស្ញប់‌ស្ញែងយ៉ាងខ្លាំង ហើយលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌ជាម្ចាស់ទាំងពោលថា៖ «យើងមិនដែលបានឃើញការ‌អស្ចារ្យណាមួយដូចពេលនេះឡើយ!»។