ព័ត៌មានភូមិភាគកំពង់ចាម

គ្រួសារ​រៀន​អំពី​របៀប​នៃ​ការ​បញ្ចៀស​ទំនាស់

ព្រះសហគមន៍កាតូលិក​កំពង់ចាមក្រុងរៀបចំកម្មវិធីសិក្ខាសាលា​សម្រាប់អ្នកមានគ្រួសារនិងអ្នកដែលត្រៀមរៀបការ ដើម្បីផ្សះផ្សារចិត្ត និង​ផ្តល់​នូវ​គន្លឹះ​រៀបចំ​គ្រួសារ​ឲ្យ​មាន​សុភមង្គល​ ដែល​ធ្វើឡើងកាលពីថ្ងៃទី១៧មីនាកន្លងទៅ មាន​គូស្វាមី​ភរិយា​ចូលរួម​ចំនួន​២០គូ ទាំងគ្រីស្តបរិស័ទនិងពុទ្ធបរិស័ទ ពីព្រះសហគមន៍​នានា​ក្នុងខេត្ត​កំពង់ចាម។

សិក្ខា​សាលានេះ ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ «លក្ខណៈ១០យ៉ាងនៃគ្រួរសារសន្តិភាព»។ លោក ផាន បូរ៉ាជាប្រធានអង្គការគ្រួសារស្ពាន​​សន្តិភាពនិងជាអ្នក​សម្របសម្រួលក្នុងកម្មវិធីបានអោយដឹងថា ប្រធានបទនេះគឺសារៈសំ​ខាន់ខ្លាំងសម្រាប់គ្រួសារនីមួយៗ ដើម្បីអោយគ្រួសារ​ទទួលបានសន្តិភាពជៀសផុតពីអំពើហិង្សា។ លក្ខណៈសម្បត្តិ១០យ៉ាងដែលលើកមកពិភាក្សានោះរួមមាន៖

ការប្តេជ្ញាចិត្តចំពោះសុខុមាលភាពរវាងគ្នាទៅវិញទៅមក, សមភាព យុត្តិធម៌និង​យេនឌ័រ, ការគោរពឲ្យតម្លៃរភាពខុសគ្នានិងតម្រូវការរបស់​បុគ្គលម្នាក់ៗ, ការចិញ្ចឹម ការការពារ និងការអប់រំកូន, ការមានទំនុកចិត្តនិងស្ថេរភាព, ​ភាពបត់បែន​និងងាយផ្លាស់ប្តូរទៅតាមស្ថានភាពនៃការរស់នៅ និងការទាមទារ, ទំនាក់ទំនងបើកចំហរ និងយល់ចិត្តគ្នាទៅវិញទៅមក, វិធីល្អៗក្នុងការដោះស្រាយបញ្ហា, គុណតម្លៃជីវិត, ការ​ចូលរួមក្នុងសង្គម និងការ​ទទួលបានធនធានពីសង្គម។

ក្នុង​អង្គសិក្ខាសាលានេះ ក៏​មាន​បែង​ចែក​ជាក្រុម​ដើម្បិរិះ​គិត​ពិភាក្សា​លើ​ចំណុច​ទាំង​១០​ខាង​លើ ដើម្បី​ឲ្យ​ពួកគាត់​អាច​យក​បទ​ពិសោធន៍​រវាងគ្នានិង​គ្នា​ទៅ​អនុវត្ត​ក្នុង​ជីវិត​រស់នៅ។

សិក្ខា​សាលា​ប្រភេទនេះ ព្រះសហគមន៍កាតូលិក​បាន​រៀបចំ​ជាង​មួយ​ឆ្នាំ​រួច​មក​ហើយ ហើយ​ធ្វើឡើង​ជា​រៀងរាល់មួយខែម្តង។

លោកបូរ៉ាបន្តថា  លិទ្ធផលគឺក្រុមគ្រួសារដែលបានមកទទួលការអប់រំ បាន​កែ​ប្រែ​ច្រើន​ ពីការឈ្លោះប្រកែកគ្នា ការប្រើប្រាស់គ្រឿងស្រវឹង និងការមិនយល់​ចិត្តគ្នាចង់ឈ្នះរៀងខ្លួន ដោយ​ប្រើ​របៀប​​និយាយសម្រុះសម្រួលគ្នា​ប្រសើជាងមុន៕

ដោយ៖ រឿន ស្រីម៉ាច